ភ្នំពេញ: ក្រុមហ៊ុន បទុមសាគរ អេនើជី ឯ.ក (Botum Sakor Energy Company Limited) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនពហុផលិតផល រ៉ូយ៉ាល់ គ្រុប ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ៨ ខែធ្នូ អនុម័តលើគម្រោងវិនិយោគសាងសង់រោងចក្រផលិតអគ្គិសនីដំណើរការដោយធ្យូងថ្មកម្លាំង ៧០០ មេហ្គាវ៉ាត់ នៅស្រុកបទុមសាគរ ខេត្តកោះកុងក្នុងតម្លៃវិនិយោគ ១ ពាន់លានដុល្លារ។
ទោះបីយ៉ាងណាក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានអះអាងថា គម្រោងអភិវឌ្ឍន៍រោងចក្រផលិតថាមពលដើរដោយធ្យូងថ្មនេះត្រូវប្រើប្រាស់ទុនវិនិយោគសរុប ១,៣ ពាន់លានដុល្លារ។ នេះបើតាមលទ្ធផលកិច្ចប្រជុំរវាងក្រុមហ៊ុនជាមួយនឹងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីចំនួន ៥៨ គ្រួសារក្នុងគម្រោងអភិវឌ្ឍន៍នេះកាលពីថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២០។
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានឱ្យដឹងថា៖ «គម្រោងនេះនឹងជួយបង្កើតការងារ និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង»។
យោងតាមអនុក្រឹត្យចេញផ្សាយនាថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២០ រដ្ឋាភិបាលបានផ្តល់ដីទំហំ ១៦៨ ហិកតា ក្នុងឧទ្យានជាតិបទុមសាគរ ខេត្តកោះកុងឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្មអានុភាព ៧០០ មេហ្គាវ៉ាត់។
លោក សុខ សុទ្ធី អ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុងប្រាប់កាលពីថ្ងៃពុធថា ក្រុមហ៊ុន បទុម សាគរ អេនើជី បាននិងកំពុងឈូសឆាយដីដើម្បីរៀបចំការដ្ឋានសាងសង់ ខណៈការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋរស់នៅតំបន់នោះស្ទើររួចរាល់ហើយ។
លោកអះអាងថា៖ «ក្រុមហ៊ុនបានដោះស្រាយជាគោលនយោបាយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដីធ្លីចំនួន ១៦៨ ហិកតា ស្ទើរតែរួចរាល់ហើយរហូតមកដល់ពេលនេះ។ ខ្ញុំគិតថា បន្ទាប់ពីមានការផ្តល់ភ្លើងបៃតងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) គាត់អាចនឹងដំណើរការសាងសង់នៅក្នុងពេលឆាប់ៗនេះ»។
លោក សុទ្ធី បានឱ្យដឹងទៀតថា ការអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មនេះនឹងជួយបង្កើនប្រសិទ្ធភាព និងសន្តិសុខថាមពលនៅក្នុងខេត្តដែលជាតំបន់សក្តានុពលទេសចរណ៍ជាប់មាត់សមុទ្រមួយរបស់កម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំជឿថា ការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីនេះនឹងជួយទាក់ទាញការវិនិយោគនានាមកកម្ពុជា ហើយវាក៏នឹងជួយជំរុញការអភិវឌ្ឍខេត្តកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ»។
កាលពីខែមុន ក្រុមហ៊ុន បទុម សាគរ អេនើជី បានសម្រេចកិច្ចសន្យាម៉ៅការវិស្វកម្ម លទ្ធកម្ម និងសំណង់ (EPC) ជាមួយក្រុមហ៊ុន Sinosteel Engineering & Technology នៃការសាងសង់រោងចក្រអគ្គិសនីដំណើរការដោយធ្យូងថ្មនេះ។ នេះបើតាមគេហទំព័រព័ត៌មានចិន Yicai Global។
ក្រុមហ៊ុននេះនឹងទទួលខុសត្រូវលើការរចនា លទ្ធកម្ម ការផ្គត់ផ្គង់ឧបករណ៍ និងសម្ភារ ព្រមទាំងសេវាសាងសង់ ដំឡើង និងកម្រៃជើងសា។ តម្លៃកិច្ចសន្យាសរុបប្រហែល ១,១ ពាន់លានដុល្លារ។
កិច្ចសន្យានេះរួមមានការសាងសង់រោងចក្រអគ្គិសនីកម្លាំង ៣៥០ មេហ្គាវ៉ាត់ថ្មីចំនួន ២ និងរោងចក្រផលិត និងបញ្ជូនថាមពលបន្ថែម ព្រមទាំងស្ថានីយធ្យូងថ្ម ១ កន្លែង។
ការសាងសង់នេះត្រូវរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល ៣៦ ខែសម្រាប់ផ្នែកដំបូង និង ៤៨ ខែសម្រាប់ផ្នែកទី ២។ រោងចក្រនេះនឹងផលិតអគ្គិសនីនៅឆ្នាំ ២០២៣ ឬឆ្នាំ ២០២៤។ នេះបើតាមក្រុមហ៊ុន។
បច្ចុប្បន្ននេះប្រភពថាមពលរបស់ប្រទេសកម្ពុជាគ្របដណ្ដប់ប្រហែល ៤៨ ភាគរយពីវារីអគ្គិសនី និង ៤៧ ភាគរយនៃរោងចក្រថាមពលដំណើរការដោយធ្យូងថ្ម។
លោក វិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពលនៃក្រសួងរ៉ែ និងថាមពលធ្លាប់ប្រាប់ថា រដ្ឋាភិបាលត្រូវការការធ្វើពិពិធកម្មការផលិតថាមពលអគ្គិសនីពីប្រភពផ្សេងៗដើម្បីដាក់បញ្ចូលក្នុងបណ្តាញជាតិ ដែលអាចធានាបាននូវការផ្គត់ផ្គង់ថាមពលអគ្គិសនីប្រកបដោយស្ថិរភាពនៅក្នុងប្រទេស។
លោកថ្លែងថា៖ «សរុបមក យើងត្រូវការពង្រីកផលបត្រវិនិយោគផ្នែកថាមពល តាមរយៈការដាក់បញ្ចូលប្រភពជាច្រើនដូចជាវារីអគ្គិសនី ធ្យូងថ្ម និងសូឡា ដើម្បីធានាការផ្គត់ផ្គង់ដល់អតិថិជន ពលរដ្ឋ ឧស្សាហកម្ម ឬក្រុមហ៊ុនផ្ដល់សេវា»៕