សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងអំណរគុណ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ៥០ម៉ឺនដុល្លារអាមេរិក ដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ ឧសភា ឆ្នាំ២០២០
17th April 2020, 11:33 am

(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន ROYAL GROUP និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា៥០០,០០០ដុល្លារ (ហាសិបម៉ឺនដុល្លារអាមេរិក) ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមអបអរសាទរខួប ទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»

អ្នកឧកញ៉ា គិត ម៉េង ជាមហាសេដ្ឋីមួយរូបនៅកម្ពុជាដោយកន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា។

លើសពីនោះ អ្នកឧកញ៉ា គិត ម៉េង ក៏បានចូលរួមចំណែកឧបត្ថម្ភ ៥០ម៉ឺនដុល្លារ ដល់រាជរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ១៩ ហើយកាលពីដើមឆ្នាំនេះឧបត្ថម្ភ ចំនួន១០ម៉ឺនដុល្លារ ដើម្បីជួយដល់ជនរងគ្រោះក្នុងករណីរលំបាក់អគារកម្ពស់៧ជាន់ នៅខេត្តកែប និងផ្តល់ថវិកាចំនួន៣លានដុល្លារអាមេរិក សម្រាប់សាងសង់មន្ទីរពេទ្យកាល់ម៉ែត។

ជាពិសេស អ្នកឧកញ៉ា គិត ម៉េង ក៏បានបរិច្ចាគដីរបស់លោក១កន្លែង ទំហំ១,៣៧២ម៉ែត្រការ៉េ និងមានតម្លៃជាង៨លានដុល្លារ នៅជិតវត្តភ្នំរាជធានីភ្នំពេញ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ធ្វើជាប្រធានកិត្តិយសផងដែរ កាលពីឆ្នាំ២០១៨កន្លងទៅ៕




អត្ថបទទាក់ទង