ព្រឹទ្ធសភា អនុម័ត​លើ​សេចក្តីព្រាងច្បាប់​យល់ព្រម​ធានា​ទូទាត់​សងឱ្យ​ក្រុមហ៊ុន រ៉ូយាល់ គ្រុប អុិនវេសម៉ិន ឯ.ក សម្រាប់​គម្រោង​សាងសង់​រោងចក្រ អគ្គិសនី​ដុតធ្យូងថ្ម ខេត្តកោះកុង ដោយ​សម្លេង​គាំទ្រ ៤៩/៤៩ សម្លេង
2nd April 2020, 10:33 am

ភ្នំពេញ÷ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០នេះ ព្រឹទ្ធសភា បានបើកសម័យប្រជុំជាវិសាមញ្ញក្រោមអធិបតីភាព លោក ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា ដោយមានសមាជិក សមាជិកាព្រឹទ្ធសភា ចូលរួមប្រជុំចំនួន ៤៩រូប។


ក្នុងកិច្ចប្រជុំនោះ ព្រឹទ្ធសភា បានពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់សងរបស់រាជរដ្ឋាភិបាល ឱ្យក្រុមហ៊ុន រ៉ូយាល់ គ្រុប អ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព 700 មេហ្គាវ៉ាត់ នៅខេត្តកោះកុង ដោយសម្លេងគាំទ្រ ៤៩/៤៩ សម្លេង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនាឆ្នាំ ២០២០កន្លងទៅនេះ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំរដ្ឋសភាជាវិសាមញ្ញ ដែលមានសមាជិកសមាជិការដ្ឋសភា ចូលរួមប្រជុំចំនួន ១០៩រូប បានពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៣ រួចមកហើយ។
ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់សងរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង ត្រូវបានសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ អនុម័តដោយសម្លេងគាំទ្រ ១០៩ លើ១០៩សម្លេង។

បើយោងតាមសេចក្ដីប្រកាសចេញពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៧ ខែកុម្ភៈ កន្លងមកនេះ បានឱ្យដឹងថា គម្រោងវិនិយោគថាមពលអគ្គិសនីដើរដោយធ្យូងថ្ម ចំនួន ២ រួមមាន គម្រោងទី១ គឺ គម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ២៦៥មេហ្គាវ៉ាត វិនិយោគដោយក្រុមហ៊ុន HAN SENG COAL MINES ស្ថិតនៅក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ គម្រោងនេះគ្រោងនឹងបញ្ចេញថាមពល ក្នុងឆ្នាំ២០២២។
ដោយឡែក គម្រោងទី២ គឺគម្រោងអភិវឌ្ឍន៍រោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន ROYAL GROUP និង SINOSTEEL EQUIPMENT & ENGINEERING មកពីប្រទេសចិន ហើយរោងចក្រនេះ គឺស្ថិតនៅក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ហើយគ្រោងបញ្ចេញថាមពល នៅឆ្នាំ២០២៤៕


អត្ថបទទាក់ទង