អ្នកឧកញ៉ា គិត ម៉េង បន្តជាប់បោះឆ្នោតជាប្រធានសភាពាណិជ្ជកម្ម អាណត្តិទី៤
16th September 2019, 5:30 pm

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ អ្នកឧកញ៉ា គិត ម៉េង ត្រូវបានសមាជិក សមាជិការនៃសភាពាណិជ្ជកម្មកម្ពុជា បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជ្រើសតាំង អ្នកឧកញ៉ាធ្វើជាប្រធានសភាពាណិជ្ជកម្មអាណត្តិទី៤ ដើម្បីដឹកនាំការងារធុរកិច្ចនៅកម្ពុជា។

ពិធីបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មកម្ពុជារាជធានីភ្នំពេញ ប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ អាណត្តិទី៤ លើកទី១ និងបោះឆ្នោតជ្រើសរើសប្រធានសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៤នេះ ត្រូវបានរៀបចំឡើងនៅអគ្គលេខាធិការដ្ឋានសភាពាណិជ្ជកម្ម រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញផងដែរ។

ការបោះឆ្នោតគាំទ្រជាបន្តទៀតពីសំណាក់សមាជិកសមាជិកាដ៏ឧត្តុង្គឧត្តម្ភនៃសភាពាណិជ្ជកម្មកម្ពុជា គឺសបញ្ជាក់ឲ្យឃើញថា អ្នកឧកញ៉ា ពិតជាឥស្សរជនដ៏ឧត្តុងឧត្តម្ភក្នុងវិស័យឯកជននៃព្រះរាជាណាចក្រកម្ពុជា មានស្នាដៃដ៏ធំធេង ក្នុងការរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះបានធ្វើឲ្យប្រទេកម្ពុជាស្គាល់នូវការលូតលាស់ វិបុលភាព តាមលំនាំនៃសេដ្ឋកិច្ចទីផ្សារសេរី និងដំណើរការនៃលិទ្ធិប្រជាធិបតេយ្យ ជាគុណប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពរស់នៅជូនពលរដ្ឋកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ធ្លាប់បានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មរាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា អាណត្តិទី៣ លើកទី២ បន្ទាប់ពីទទួលបានលទ្ធផលពីការបោះឆ្នោតសភាពាណិជ្ជកម្ម ដោយសម្លេង១០០/១០០ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៥។

សូមជំរាបថា ប្រធានសភាពាណិជ្ជកម្មអាណត្តិទី១ គឺឧកញ៉ាលោក ថេង ប៊ុនម៉ា, អាណត្តិទី២ គឺលោកឧកញ៉ា សុខ គង់ និងអាណត្តិទី៣ គឺអ្នកឧកញ៉ា គិត ម៉េង ជាប់២អាណត្តិ។

សភាពាណិជ្ជកម្ម ក្នុងអាណត្តិដឹកនាំរបស់អ្នកឧកញ៉ា បានធ្វើឲ្យវិស័យឯកជនចូលរួមយ៉ាងសកម្មជាមួយរដ្ឋាភិបាល និងបានទាក់ទាញអ្នកវិនិយោគទុនជាច្រើនមកបណ្តាក់ទុននៅកម្ពុជា និងបានរៀបចំកិច្ចប្រជុំកំពូលអាស៊ានធុរកិច្ចសំខាន់ៗផងដែរ៕





អត្ថបទទាក់ទង